21-01-2026

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក លាំង សុងស៊ូ (Liang Songshou) ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលលោក លាំង សុងស៊ូ បានដឹកនាំគណៈប្រតិភូមកជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលើកទី២ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារ បន្ទាប់ពីជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីចុងឆ្នាំ២០២៤។ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងពីកំណើននៃរំហូរវិនិយោគមកពីប្រទេសចិនក្នុងរយៈពេលមួយទសវត្សន៍ចុងក្រោយនេះ ដែលការកើនទ្បើងនៃទំហំវិនិយោគនេះគឺជាការរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។
លោក លាំង សុងស៊ូ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារ និងបានជម្រាបជូនថាគណៈប្រតិភូដែលអញ្ជើញមកកម្ពុជានាពេលនេះសុទ្ធតែមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ លោកបានបន្ថែមថាក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ សហព័ន្ធបានដឹកនាំក្រុមហ៊ុនជាច្រើនមកធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា។ នាពេលនេះ ក្រុមហ៊ុនដែលជាសមាជិកសហព័ន្ធ បានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីបង្កើតរោងចក្រផលិតក្រដាសអនាម័យ សម្ភារៈការិយាល័យ និងថាមពលកកើតឡើងវិញ។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះគម្រោងវិនិយោគដែលលោក លាំង សុងស៊ូ បានលើកឡើង និងបានស្នើឱ្យមានការយកទុកដាក់ខ្ពស់លើវិធានការការពារបរិស្ថាន។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការបានផ្តល់អនុសាសន៍ណែនាំឱ្យលោក លាំង សុងស៊ូ ធ្វើការគិតគូរបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលផ្តោតលើការផលិតក្រដាស និងសម្ភារៈការិយាល័យនៅទីតាំងជាក់លាក់ណាមួយ ហើយក្រុមហ៊ុនអាចផលិតថាមពលកកើតឡើងវិញដើម្បីផ្គត់ផ្គង់ដល់ផលិតកម្មក្នុងតំបន់នោះ។ មួយវិញទៀត ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ក្រុមហ៊ុនក៏ត្រូវមានការគិតគូរពីការរៀបចំមូលដ្ឋានផលិត ឬខ្សែច្រវាក់ផលិតកម្មផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជាដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ។ លើសពីនេះ ការវិនិយោគកែច្នៃកសិផលនៅកម្ពុជាក៏កំពុងមានសក្តានុពលផងដែរ។ ជាចុងក្រោយ ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យក្រុមហ៊ុនរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីវិនិយោគនៅគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីឆាប់ទទួលបានផលពីកាលានុវត្តភាពនៅកម្ពុជា។