12-11-2025

នារសៀលថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាអំពី “ចក្ខុវិស័យឆ្នាំ២០៣០៖ ការវិនិយោគសម្រាប់អនាគត” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមការសម្របសម្រួលរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិន៣រូបផ្សេងទៀត រួមមាន លោក ម៉ី ផល្គុន នាយកគ្រប់គ្រងក្រុមហ៊ុន ភីខេ ផល្គុន ខមើសល ឯ.ក , លោក សាន ច័ន្ទឬទ្ធី នាយកគ្រប់គ្រងក្រុមហ៊ុន មេការគូប ខនស្ត្រាក់សិន ឯ.ក និងលោកបណ្ឌិត ប៊ុន ឡុង នាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងមានការចូលរួមពីនិស្សិតចំនួនប្រមាណ៨០នាក់។
មុននឹងចូលដល់កិច្ចពិភាក្សា ឯកឧត្តម លឹម វិសាល បានធ្វើបទបង្ហាញស្តីពីការទាក់ទាញវិនិយោគនៅកម្ពុជា ដោយបានគូសបញ្ជាក់លើចំណុចសំខាន់ៗមួយចំនួនដូចជា សារៈសំខាន់និងកត្តាកំណត់ការវិនិយោគផ្ទាល់ពីបរទេស, និន្នាការនិងស្ថានភាពសេដ្ឋកិច្ច-វិនិយោគ, ហេតុអ្វីវិនិយោគនៅកម្ពុជា, ប្រព័ន្ធពន្ធដារនៅកម្ពុជានិងរបបលើកទឹកចិត្តវិនិយោគ, កាលានុវត្តភាពក្នុងវិស័យសក្តានុពល និងកិច្ចសម្រួលវិនិយោគ ដើម្បីចែករំលែកដល់ប្អូនៗនិស្សិតនិងអ្នកចូលរួមទាំងអស់អំពីបរិបទតំបន់និងសកល ក៏ដូចជាបរិបទក្នុងប្រទេសផ្ទាល់ ពាក់ព័ន្ធនឹងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច, ការទាក់ទាញវិនិយោគ និងនិន្នាការវិនិយោគ។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការរងក៏បានលើកឡើងដោយមោទនភាពអំពីកំណើននៃរំហូរវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៤ ហើយដែលកំណើននេះបានបន្តដល់ឆ្នាំ២០២៥។ មួយវិញទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការវិនិយោគក្នុងចង្កោមឧស្សាហកម្មថ្មីៗជាច្រើនដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងអាចបង្កើតតម្លៃបន្ថែមខ្ពស់ជាងមុនក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការរងបានគូសបញ្ជាក់ពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា និងតួនាទីដ៏សំខាន់នៃតំបន់សេដ្ឋកិច្ចពិសេសក្នុងការធ្វើពិពិធកម្មមុខសញ្ញាវិនិយោគ។