ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Emma McDonald ស្នងការជាន់ខ្ពស់ទទួលបន្ទុកកិច្ចការវិនិយោគ និងពាណិជ្ជកម្មប្រចាំកម្ពុជា និងវៀតណាម នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីប្រទេសអូស្ត្រាលីមកកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមអគ្គលេខាធិការរងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលី ព្រមទាំងបានគូសបញ្ជាក់ពីលក្ខណៈពិសេសនៃគោលនយោបាយវិនិយោគរបស់កម្ពុជាដែលផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្មអន្តរមធ្យោបាយយ៉ាងសកម្មដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនភាពប្រកួតប្រជែង។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានស្នើឱ្យភាគីអូស្ត្រាលីបន្តជំរុញវិនិយោគិនខ្លួនមកបណ្តាក់ទុនក្រោមរូបភាពវិនិយោគដោយផ្ទាល់ ឬភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជនលើវិស័យសក្តានុពល មានជាអាទិ៍ កសិកម្ម និងកសិ-ឧស្សាហកម្ម, ថាមពលកកើតឡើងវិញ, ភស្តុភារកម្ម, យានយន្ត, អេឡិចត្រូនិក, និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាការឆ្លើយតប លោកស្រី Emma McDonald បានកោតសរសើរចំពោះការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយថាមវន្តរបស់កម្ពុជា និងបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យកសិ-ឧស្សាហកម្ម ជាពិសេសការកែច្នៃស្វាយចន្ទីដែលជាវិស័យអាទិភាព។ ជាទីបញ្ចប់ លោកស្រីបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជំរុញសហគ្រាសអូស្ត្រាលីមកសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគបន្ថែមទៀតលើវិស័យដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងសកម្មភាពវិនិយោគដែលផ្តោតលើការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។