25-11-2025

នាព្រឹកថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មុននឹងចូលរួមវេទិកាស្តីពីកាលានុវត្តភាពវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-ចក្រភពអង់គ្លេស នៅប្រទេសសិង្ហបុរី ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានទទួលជួបគណៈប្រតិភូ SBF ដើម្បីពិភាក្សាអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងកម្មវិធីការងារនាពេលអនាគត។ សូមបញ្ជាក់ជូនថា SBF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ និងបានដើរតួនាទីជាតំណាងឱ្យសម្លេងសហគមន៍ធុរកិច្ចទាំងក្នុងស្រុក និងអន្តរជាតិ។ បច្ចុប្បន្ន SBF មានសមាជិកប្រមាណជាង ៣៤.០០០ក្រុមហ៊ុន។
បន្ថែមលើការជម្រាបជូនពីបរិស្ថានវិនិយោគដ៏ល្អប្រសើរ និងកាលានុវត្តភាពដែលកំពុងមានសម្រាប់សកម្មភាពវិនិយោគនិងធុរកិច្ចនៅក្នុងវិស័យជាច្រើននៅកម្ពុជា ឯកឧត្តមអគ្គលេខាធិការរងក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសិង្ហបុរីរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀតដើម្បីទទួលបានផលចំណេញទាំងអស់គ្នា។