12-12-2025

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូធុរកិច្ចដឹកនាំដោយក្រុមហ៊ុន Cambodia Securities Plc ដែលអញ្ជើញមកកម្ពុជាដើម្បីស្វែងយល់បន្ថែមអំពីបរិយាកាស និងកាលានុវត្តភាពវិនិយោគ។ សមាសភាពគណៈប្រតិភូធុរកិច្ចនេះមានតំណាងក្រុមហ៊ុនដែលមានសកម្មភាពក្នុងវិស័យមួយចំនួនដូចជា វាយនភ័ណ្ឌ ថាមពល វេជ្ជសាស្ត្រ មូលបត្រ និងសេវាហិរញ្ញវត្ថុ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវការកោតសរសើចំពោះគណៈប្រតិភូ បើទោះបីស្ថានភាពនៅព្រំដែនកម្ពុជា-ថៃបាននិងកំពុងមានភាពតានតឹងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក៏គណៈប្រតិភូនៅតែអញ្ជើញមកកម្ពុជាដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ ដែលការណ៍នេះបាងបង្ហាញនូវការជឿជាក់ និងផ្តល់នូវទំនុកចិត្តខ្ពស់ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំ និងការរក្សាបាននូវប្រក្រតីភាពនៃបរិស្ថានវិនិយោគ។
នៅក្នុងកិច្ចពិភាក្សា ឯកឧត្តមអគ្គលេខាធិការរងបានជម្រាបជូនគណៈប្រតិភូអំពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងវឌ្ឍនភាពសំខាន់ៗមួយចំនួនដែលកម្ពុជាខិតខំសម្រេចបាន ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កំណើននៃរំហូរវិនិយោគ, វឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ល។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការរងក៏បានលើកឡើងពីរបបលើកទឹកចិត្តវិនិយោគដែលពោរពេញដោយភាពទាក់ទាញ, កត្តាគន្លឹះនៃការទាក់ទាញវិនិយោគមកកម្ពុជា, កិច្ចសម្រួលនិងការថែទាំវិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញសម្រាប់លើកកម្ពស់ភាពប្រកួតប្រជែងខ្ពស់។ ទន្ទឹមនេះ គណៈប្រតិភូក៏បានលើកឡើងនូវសំណួរមួយចំនួនពាក់ព័ន្ធនឹងការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ថាមពលកកើតឡើងវិញ និងវាយនភ័ណ្ឌ។ ឯកឧត្តមអគ្គលេខាធិការរងបានឆ្លើយពន្យល់យ៉ាងក្បោះក្បាយទៅនឹងសំណួរនីមួយៗ។