14-08-2026

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចដែលសម្របសម្រួលដោយក្រុមហ៊ុន Cambodia Securities Plc. ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងផ្លាស់ប្តូរព័ត៌មានជុំវិញកាលានុវត្តភាពធុរកិច្ចថ្មីៗ ដើម្បីទាក់ទាញវិនិយោគិនដែលមានសក្តានុពលបន្ថែមទៀតឱ្យមកបណ្តាក់ទុននៅកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះសមាជិកនៃគណៈប្រតិភូធុរកិច្ចទាំងអស់ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អបរិយាកាសវិនិយោគតាមរយៈការផ្តល់ការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ និងសេវាថែទាំវិនិយោគដោយគ្មានការរើសអើង ព្រមទាំងបានឆ្លើយទៅនឹងសំនួរជាក់លាក់មួយចំនួនរបស់គណៈប្រតិភូ។ មុននឹងបញ្ចប់ ឯកឧត្តមបានសង្កត់ធ្ងន់ថា វិស័យឯកជនគឺជាដៃគូមិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការងារ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិនដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងវិនិយោគ និងផលប្រយោជន៍ទៅវិញទៅមក។