19-09-2025
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មានស្តីពីការទទួលបានសិទ្ធិផ្តាច់មុខក្នុងការដំទ្បើងរថយន្ត GAC នៅកម្ពុជា។ សន្និសីទសារព័ត៌មាននេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Zhong Jie ទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរបស់ស្ថានទូតចិនប្រចាំកម្ពុជា, តំណាងក្រុមហ៊ុន Gaungzhou Automobile (GAC) Group Co., Ltd, តំណាងក្រុមហ៊ុន TH Group និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានមានមតិស្វាគមន៍ និងបានសម្តែងនូវសេចក្តីសោមន្សរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មានដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមអគ្គលេខាធិការក៏បានអបអរសាទរដល់ក្រុមហ៊ុន GAC Group និងក្រុមហ៊ុន TH Automotive Manufacturing ដែលបានចាប់ដៃគូសហការគ្នាដើម្បីទទួលបានសិទ្ធិផ្តាច់មុខក្នុងការដំទ្បើងរថយន្ត GAC នៅកម្ពុជា។ ការបង្កើតនូវសមិទ្ធផលដ៏ប្រសើរនេះឆ្លុះបញ្ចាំងពីវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយដែលអំណោយផលដល់ការវិនិយោគនិងធុរកិច្ច ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកវិស័យឯកជនជាដែគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។ ម្យ៉ាងទៀត ការបណ្តាក់ទុនវិនិយោគនេះនឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ផងដែរ ដូចជា ការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពឧស្សាហកម្មរបស់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនទាំងពីរចំពោះកិច្ចខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យនាពេលនេះ និងបានជូនពរឱ្យក្រុមហ៊ុនទទួលជោគជ័យបន្ថែមទៀតក្នុងប្រតិបត្តិការអាជីវកម្មនាពេលខាងមុខ។