27-09-2025
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖
នារសៀលថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក Yoshihisa KAINUMA អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd ដើម្បីពិភាក្សាអំពីវឌ្ឍនភាពធុរកិច្ចរបស់ក្រុមហ៊ុននៅកម្ពុជា។ តាមការបញ្ជាក់របស់លោក Yoshihisa KAINUMA ក្រុមហ៊ុន MinebeaMitsumi Co., Ltd បានបណ្តាក់ទុនវិនិយោគនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១១មក និងបានពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ពីរោងចក្រទី១ ដល់រោងចក្រទី៣ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក្នុងទុនវិនិយោគសរុបប្រមាណ ៧២៥ លានដុល្លារអាម៉េរិក ហើយនាពេលនេះ រោងចក្រទី៤ ដែលស្ថិតក្នុងគម្រោងទី២ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ពោធិ៍សាត់ បាននិងកំពុងបញ្ចប់ការសាងសង់អគាររោងចក្រ និងកំពុងបំពាក់គ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខារផលិតកម្ម ហើយគ្រោងនឹងចាប់ផ្តើមដំណើរការផលិតកម្មនៅក្នុងខែតុលា ខាងមុខនេះ។
នាឱកាសជំនួបពិភាក្សានេះ លោកប្រធានក្រុមហ៊ុន បានអះអាងបញ្ជាក់ថា ទោះស្ថិតក្នុងបរិការណ៍នៃភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសាកល និងបញ្ហាប្រឈមនានា ក៏ដំណើរការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជានៅតែបន្តដំណើរទៅមុខឥតងាករេ ហើយជាមួយគ្នានេះ បងប្អូនកម្មករនិយោជិតរបស់ក្រុមហ៊ុនប្រមាណជិត ៩ពាន់នាក់ បាននិងកំពុងអភិវឌ្ឍជំនាញរបស់ខ្លួនលើការផលិតសម្ភារៈបរិក្ខារអេឡេចត្រូនិក បរិក្ខារអគ្គិសនី និងគ្រឿងបង្គុំរថយន្ត។
ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន MinebeaMitsumi Co., Ltd ដែលបានពង្រីកប្រតិបត្តិការនៅកម្ពុជាជាបន្តបន្ទាប់ ព្រមទាំងបានផ្តល់ការបណ្តុះបណ្តាលជំនាញដល់បងប្អូនកូនក្មួយកម្មករនិយោជិតកម្ពុជា និងបានកោតសរសើរចំពោះវឌ្ឍនភាពនៃការសាងសង់រោងចក្រទី៤របស់ក្រុមហ៊ុន។ ឯកឧត្តមបានអះអាងសាជាថ្មីអំពីការគាំទ្ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានជូនពរឱ្យអាជីវកម្មរបស់ក្រុមហ៊ុនទទួលបានជោគជ័យ។