01-08-2025

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក Kensuke Tsuchiya ប្រធានក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd.។
បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តមអគ្គលេខាធិការ លោក Kensuke Tsuchiya បានជម្រាបជូនថាគោលបំណងនៃការចូលជួបនាពេលរសៀលនេះគឺដើម្បីជម្រាបជូនពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងជម្រាបជូនអំពីគម្រោងវិនិយោគបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា ដែលមិនកំណត់សម្រាប់តែកម្មករនិយោជិតរបស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Toyota Tsusho’s Manufacturing (Cambodia) CO., Ltd. និងបានសម្តែងនូវការស្វាគមន៍ដោយក្តីរីករាយបំផុតចំពោះគម្រោងវិនិយោគបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា ដែលការណ៍នេះគឺស្របទៅនឹងគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។ ឯកឧត្តមអគ្គលេខាធិការមានសុទិដ្ឋិនិយមខ្ពស់ថា គម្រោងដ៏វិសេសវិសាលនេះនឹងលេចចេញជារូបរាងនៅពេលខាងមុខឆាប់ៗ ហើយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរង់ចាំដោយក្តីរីករាយក្រៃលែងបំផុតក្នុងការផ្តល់កិច្ចសម្រួលដល់ក្រុមហ៊ុនក្នុងដំណើរការចុះបញ្ជីគម្រោងវិនិយោគ។
សូមបញ្ជាក់ជូនថា ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានទទួលគោលការណ៍អនុញ្ញាតពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីឆ្នាំ២០២២ឱ្យវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ត (Toyota Fortuner, និង Toyota Hilux) ដែលមានទីតាំស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។