18-09-2025
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន SAGE ENGINEERING តំណាងដោយលោកស្រី Claire HINCHLIFFE និងគណៈប្រតិភូក្រុមហ៊ុន VINCI CONSTRUCTION តំណាងដោយលោក Othmane DFAILI។
ជាកិច្ចចាប់ផ្តើម គណៈប្រតិភូក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងកែច្នៃសំរាមតាមផ្ទះ (household waste) ទៅជាថាមពលអគ្គិសនី នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងក្រុមហ៊ុន SAGE ENGINEERING និងក្រុមហ៊ុន VINCI CONSTRUCTION ដែលការសិក្សានេះបានចំណាយពេលវេលាអស់រយៈប្រមាណ ១ឆ្នាំ។ គោលបំណងនៃការជួបពិភាក្សានេះគឺដើម្បីស្នើសុំមតិយោបល់បន្ថែមពីឯកឧត្តមអគ្គលេខាធិការ ក៏ដូចជាការគាំទ្រដល់គម្រោងវិនិយោគនេះ។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះការសិក្សា និងស្វាគមន៍គម្រោងវិនិយោគកែច្នៃសំរាមទៅជាថាមពលអគ្គិសនីរបស់ក្រុមហ៊ុន។ ឯកឧត្តមអគ្គលេខាធិការបានផ្តល់ការណែនាំឱ្យក្រុមហ៊ុនធ្វើការជួបពិភាក្សា និងសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ពិសេស ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ជាមុនសិន ដើម្បីទទួលបានការគាំទ្រ និងការអនុញ្ញាតនានាតាមនីតិវិធីជាធរមាន។ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរង់ចាំទទួលពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគនេះ ដោយក្តីរីករាយបំផុត។