17-09-2025
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក Kevin Whitcraft នាយកប្រតិបត្តិក្រុមហ៊ុន RMA Group ដោយមានការចូលរួមពីលោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia) PLC.និងសហការី។
បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តមអគ្គលេខាធិការ លោក Kevin Whitcraft បានជម្រាបជូនថាគោលបំណងនៃការចូលជួបនាព្រឹកនេះគឺដើម្បីជម្រាបជូនពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងជម្រាបជូនអំពីគម្រោងពង្រីកការវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន RMA (Cambodia) PLC. និងបានសម្តែងនូវការស្វាគមន៍ដោយក្តីរីករាយបំផុតចំពោះគម្រោងពង្រីកការវិនិយោគនៅកម្ពុជា។ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរង់ចាំដោយក្តីរីករាយក្រៃលែងបំផុតក្នុងការផ្តល់កិច្ចសម្រួលដល់ក្រុមហ៊ុនក្នុងដំណើរការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន។