06-08-2025

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក IKEYA Yusuke អនុប្រធានក្រុមហ៊ុន Marubeni Asian Power Singapore Pte. Ltd.។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលលោក IKEYA Yusuke និងសហការីមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនក្រុមហ៊ុនពីបរិស្ថានវិនិយោគនៅកម្ពុជាដែលពោរពេញដោយភាពអំណោយផល ពិសេសរបបលើកទឹកចិត្ត និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាលដែលបន្តដាក់ចេញសំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរទ្បើង។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការក៏បានលើកទ្បើងពីគំរូ និងភាពជោគជ័យរបស់បណ្តាក្រុមហ៊ុនវិនិយោគជប៉ុនធំៗនៅកម្ពុជាមួយចំនួនផងដែរ។
លោក IKEYA Yusuke បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូនាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោក IKEYA Yusuke ក៏បានធ្វើបទបង្ហាញខ្លីជូនឯកឧត្តមអគ្គលេខាធិការអំពីសាវតាររបស់ក្រុមហ៊ុន ជាពិសេសក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតរបស់លោក (Khmer Water Supply Holdings-KWSH) ដែលបាននិងកំពុងមានប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាត និងទឹកពិសាបរិសុទ្ធនៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា រួមមានខេត្តតាកែវ ព្រៃវែង សៀមរាប និងក្រចេះ។ សូមបញ្ជាក់ជូនផងដែរថា ក្រុមហ៊ុន Khmer Water Supply Holdings ត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ២០១៣ ហើយបច្ចុប្បន្នក្រុមហ៊ុនមានបំណងពង្រីកអាជីវកម្មរបស់ខ្លួនឱ្យស្របនឹងនិន្នាការនាពេលបច្ចុប្បន្ន និងតម្រូវការចាំបាច់ចំពោះមុខរបស់ក្រុមហ៊ុន។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការគាំទ្រ ក៏ដូចជាផ្តល់នូវអនុសាសន៍ណែនាំដល់ក្រុមហ៊ុនឱ្យធ្វើការសិក្សាចំពោះការផ្គត់ផ្គង់ទឹកស្អាត និងរៀបចំប្រព័ន្ធសម្អាតទឹកកង្វក់នៅខេត្តស្វាយរៀង និងបាវិត ដោយនៅទីនោះមានបណ្តុំឧស្សាហកម្ម និងរោងចក្រជាច្រើន ប៉ុន្តែមិនទាន់មានប្រព័ន្ធអាងចម្រោះទឹករួម និងប្រព័ន្ធផ្គត់ផ្គង់ទឹករួមនៅទ្បើយទេ។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការបានលើកទឹកចិត្តឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តបណ្តាក់ទុននៅកម្ពុជាដើម្បីឆាប់ទទួលបាននូវការលើកទឹកចិត្តនិងអត្ថប្រយោជន៍នានាដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។