13-11-2025

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Baiyi Club ដឹកនាំដោយលោក វ៉ាង យ៉ុង (Wang Yong) ប្រធានក្រុមហ៊ុន TopBrand Union, ស្ថាបនិក Baiyi Club និងជាប្រធាន China Brand Festival ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានឥទ្ធិពលមួយនៅប្រទេសចិនដើម្បីផ្សព្វផ្សាយម៉ាកយីហោចិនល្បីៗក្នុងវិស័យឧស្សាហកម្មផ្សេងៗ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលលោក វ៉ាង យ៉ុង (Wang Yong) បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចកម្ពុជាដោយផ្ទាល់ក្នុងពេលវេលាដ៏សមស្របបំផុត។ ឯកឧត្តមអគ្គលេខាធិការបានកត់សម្គាល់ឃើញថាវត្តមានរបស់ម៉ាកយីហោល្បីៗរបស់ចិនកំពុងតែលេចឡើង និងមានប្រជាប្រិយភាពនៅកម្ពុជា ជាពិសេសក្នុងវិស័យយានយន្ត និងគ្រឿងអេទ្បិចត្រូនិច។ តាមរយៈជំនួបលើកនេះ ឯកឧត្តមអគ្គលេខាធិការសង្ឃឹមថាគណៈប្រតិភូដែលជាសមាជិកនៅក្នុងសម្ព័ន្ធធុរកិច្ច Baiyi Club នឹងនាំយកម៉ាកល្បីៗរបស់ចិនក៏ដូចជាជំរុញវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការក៏បានជម្រាបជូនគណៈប្រតិភូពីទំនាក់ទំនងការទូត និងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលត្រូវបានយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការក៏បានលើកទ្បើងពីភាពល្អប្រសើរនៃស្ថានភាពវិនិយោគនៅកម្ពុជាដែលមានភាពបើកចំហ និងអំណោយផល ដោយឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគ។ រីឯ ទំហំវិនិយោគរបស់ចិននៅតែរក្សាបាននូវចំណាត់ថ្នាក់លេខ១ក្នុងរយៈពេលមួយទស្សវត្សរ៍នេះ។ មួយវិញទៀត ឯកឧត្តមអគ្គលេខាធិការក៏បានជម្រាបជូនថាកម្ពុជាបានមានគំនិតផ្តួចផ្តើមឧស្សាហកម្មសមាហរណ (Integrated Industrial Initiative) សំដៅចាប់យកនូវការវិនិយោគរបស់ចិនក្នុងចង្កោមឧស្សាហកម្មដែលអាចធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ពិសេស ការផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច។ ក្នុងន័យនេះឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យគណៈប្រតិភូគិតគូរពីការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជាដែលបច្ចុប្បន្នកំពុងមានសក្តានុពលខ្ពស់។
លោក វ៉ាង យ៉ុង បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូ។ លោក វ៉ាង យ៉ុង បានជម្រាបជូនពីសាវតារបស់ Baiyi Club ដែលត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ១៩៩៦ ដើម្បីចងក្រងជាសម្ព័ន្ធធុរកិច្ចចិនផ្តោតទៅលើការអភិវឌ្ឍម៉ាកយីហោ (Brand) ឱ្យមានលក្ខណៈអន្តរជាតិ ជាពិសេសការស្វែងរកទីផ្សារដែលទើបតែងើបទ្បើង។ បច្ចុប្បន្ន Baiyi Club មានសមាជិកជាសហគ្រាសធំៗជាច្រើន ដែលមានកម្មវត្ថុអាជីវកម្មក្នុងវិស័យមួយចនួនដូចជា យានយន្ត បរិស្ថាន មូលប័ត្រ និងការផលិតបរិក្ខារវេជ្ជសាស្ត្រ។ល។ បន្ថែមពីនេះ លោក វ៉ាង យ៉ុង (Wang Yong) បានធ្វើការកត់សម្គាល់ថាកម្ពុជាមានកណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស, មានស្ថិរភាពនយោបាយ, សំបូរធនធានធម្មជាតិ ហើយមានទីតាំងភូមិសាស្ត្រអំណោយផលដល់ការទាក់ទាញវិនិយោគ។ ឆ្លៀតក្នុងឱកាសនេះ សមាជិកគណៈប្រតិភូក៏បានសម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួន និងបានសួរនូវសំណួរពាក់ព័ន្ធនឹងការវិនិយោគក្នុងវិស័យមួយចំនួន។ ជារួម សមាជិកគណៈប្រតិភូបានកត់សម្គាល់ឃើញថា កម្ពុជាមាន ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ហើយបរិស្ថានវិនិយោគនៅកម្ពុជាពិតជាមានភាពអំណោយផល។ លើសពីនេះ សមាជិកគណៈប្រតិភូបានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។