09-12-2025

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធអាគារតាំងបង្ហាញ និងលក់ម៉ូតូម៉ាក VESPA នៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់ឯកឧត្តម Aurelio Flacco អគ្គកុងស៊ុលអ៊ីតាលីប្រចាំកម្ពុជា, ឧកញ៉ា ង៉ូវ លាងហ៊ួត អគ្គនាយកក្រុមហ៊ុន H G B GROUP, លោក Neri Miclaus អគ្គនាយកក្រុមហ៊ុន Piaggio Asia Pacific និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការបានថ្លែងនូវការអបអរសាទរចំពោះក្រុមហ៊ុន H G B GROUP ក្នុងការទទួលបាននូវសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន Piaggio & Co. S.p.A ដើម្បីចែកចាយម៉ូតូម៉ាក VESPA នៅកម្ពុជា ហើយក៏បានវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុន Piaggio & Co. S.p.A ដែលបានសម្លឹងឃើញទីផ្សារកម្ពុជាសម្រាប់សកម្មភាពធុរកិច្ចរបស់ខ្លួន។
ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា ក្រៅពីការចែកចាយម៉ូតូនៅក្នុងទីផ្សារកម្ពុជា សូមតំណាងក្រុមហ៊ុនពិចារណាវិនិយោគលើការបណ្តុះបណ្តាលបុគ្គលិក និងអ្នកបច្ចេកទេសកម្ពុជាដែលជាកត្តាជោគជ័យដ៏យូរអង្វែងរបស់ក្រុមហ៊ុន ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើសកម្មភាពជាមួយសហគមន៍ ជាពិសេសការអប់រំសុវត្ថិភាពចរាចរណ៍ដែលនឹងជួយគាំទ្រដល់ការអភិវឌ្ឍម៉ាកប្រកបដោយចីរភាព។ ទៅថ្ងៃខាងមុខ ឯកឧត្តមអគ្គលេខាធិការសង្ឃឹមថា ក្រុមហ៊ុនទាំងពីរអាចមានលទ្ធភាពចូលរួមធ្វើឱ្យកម្ពុជាក្លាយជាមូលដ្ឋានផលិត និងនាំចេញទៅទីផ្សារក្នុងតំបន់មិនត្រឹមតែម៉ូតូ VESPA ប៉ុន្តែរួមទាំងគ្រឿងបន្លាស់ផងដែរ។
ជាទីបញ្ចប់ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងអំពីការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវបរិយាកាសវិនិយោគមួយដែលមានភាពអំណោយផលជូនដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស តាមរយៈការបន្តដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់សំដៅលើកកម្ពស់ភាពប្រកួតប្រែជែងរបស់កម្ពុជា។