ខេត្តស្វាយរៀង៖ នារសៀលថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សានៅសាលាបឋមសិក្សាតានូ ដែលមានទីតាំងស្ថិតនៅភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ការសាងសង់អគារសិក្សានេះ គឺជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអគ្គលេខាធិការ ក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យអប់រំ និងបង្កើនលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពសម្រាប់កុមារនៅតាមមូលដ្ឋាន ជាពិសេសក្នុងបរិបទដែលខេត្តស្វាយរៀងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យឧស្សាហកម្មដែលទាមទារនូវកម្លាំងពលកម្មជំនាញ។ គំនិតផ្តួចផ្តើមនេះក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាកត្តាគន្លឹះសម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការបានសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងបានឧបត្ថម្ភសម្ភារៈសិក្សាមួយចំនួនជូនដល់សិស្សានុសិស្ស រួមមាន សៀវភៅសរសេរ ប៊ិច ខ្មៅដៃ និងបន្ទាត់ ដើម្បីលើកទឹកចិត្តឱ្យខិតខំសិក្សារៀនសូត្រ។
សកម្មភាពនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើការអភិវឌ្ឍសង្គម ជាពិសេសវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជានាពេលអនាគត។