ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការីបានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Thomas Lam សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង ក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគទ្វេភាគី។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមអគ្គលេខាធិការរងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការបន្តពូនជ្រុំទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាពិសេសការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគតាមរយៈការផ្សារភ្ជាប់ធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ចូលមកកាន់ទីផ្សារកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈការដាក់ចេញនូវរបបវិនិយោគដែលមានភាពឆ្លាតវៃ និងអនុគ្រោះខ្ពស់, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការបណ្តុះបណ្តាលកម្លាំងពលកម្មឱ្យស្របតាមតម្រូវការទីផ្សារ, ព្រមទាំងការដាក់ចេញនូវយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-សហភាពអឺរ៉ុបដែលបានប្រព្រឹត្តទៅចំនួន៣លើករួចមកហើយ ដើម្បីកសាងជំនឿទុកចិត្ត និងដោះស្រាយរាល់កង្វល់របស់វិនិយោគិនប្រកបដោយប្រសិទ្ធភាព។ មុននឹងបញ្ចប់ ឯកឧត្តមបានស្នើឱ្យក្រុមមិត្តភាពកម្ពុជា-បារាំង បន្តរួមគ្នាដាក់ចេញនូវគំនិតផ្តួចផ្តើម និងផែនការសកម្មភាពនានាសំដៅពង្រឹងទំនាក់ទំនងធុរជន និងធុរជន (B2B) នៃប្រទេសទាំងពីរ ជាពិសេសការចាប់យកកាលានុវត្តភាពនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំវេទិកាវិនិយោគ និងធុរកិច្ចឱ្យក្លាយជាព្រឹត្តិការណ៍អមដ៏មានសារៈសំខាន់មួយ។
ជាការឆ្លើយតប ឯកឧត្តម Thomas Lam បានថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ឆាប់រហ័សរបស់កម្ពុជា និងបានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀតដើម្បីត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ត្រចះត្រចង់។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវការអបអរសាទរចំពោះកម្ពុជាក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងបានសន្យាថានឹងបន្តជំរុញឱ្យធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ មកចាប់ផ្តើម និងពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យដែលមានស្រាប់ ក៏ដូចជាវិស័យដែលទាក់ទាញនវានុវត្តន៍នានារួមមានវិស័យកសិឧស្សាហកម្ម, គណនេយ្យ និងហិរញ្ញវត្ថុ, ទេសចរណ៍, យានយន្ត និងអេឡិចត្រូនិក, សុខាភិបាល, និងភស្តុភារកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។