រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.), ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. បានដឹកនាំគណៈប្រតិភូ ក.អ.ក. អញ្ជើញចូលរួមពិធីដាក់កម្រងផ្កាជាកិច្ចគោរពវិញ្ញាណក្ខន្ធបុព្វបុរស វីរយុទ្ធជន យុទ្ធនារី នៅវិមានឯករាជ្យ និងបន្តទៅកាន់មណ្ឌបតម្កល់ព្រះបរមរូប នៅសួនច្បារខាងកើតវិមានឯករាជ្យ ដើម្បីថ្វាយកម្រងផ្កាជាកិច្ចគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ក្នុងឱកាសនៃការប្រាព្វខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ និងទិវាកំណើតកងយោធាពលខេមរភូមិន្ទ។
តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់នៃ ក.អ.ក. យើងខ្ញុំសូមចងចាំជានិច្ចនូវព្រះគុណូបការគុណ និងស្នាព្រះហស្តដ៏ជ្រាលជ្រៅបំផុតរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ក្នុងការបំពេញព្រះរាជបូជនីយកិច្ចដឹកនាំចលនាតស៊ូទូទាំងប្រទេស ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដជូនជាតិមាតុភូមិ៕